ព័ត៌មានអន្តរជាតិ

កងនាវិកអាមេរិក នៅលើនាវា Seventh Fleet ក្នុងប្រទេសជប៉ុន នឹងត្រូវពិនិត្យរកមេរោគ COVID-19

បរទេស៖ បុគ្គលិកទាំងអស់ ដែលនៅលើនាវាចម្បាំង និងយន្ដហោះ ដែលជាកម្មសិទ្ធិរបស់កងនាវា Seventh Fleet នៃកងទ័ពជើងទឹកអាម៉េរិក នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ រកមេរោគកូរ៉ូណា ឬ COVID-19 ដោយសារក្រុមមន្ដ្រីភ័យខ្លាចថា ជំងឺឆ្លងខ្លាំងនេះ អាចចូលក្នុងជួរទ័ពរបស់ពួកគេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបង្ហាញកាលពីថ្ងៃច័ន្ទថា គោលការណ៍ណែនាំថ្មី ត្រូវបានអនុវត្ត សម្រាប់កងនាវា Seventh Fleet នៅទីក្រុង Yokosuka នៃប្រទេសជប៉ុនដោយ តម្រូវឲ្យ បុគ្គលឆ្លងកាត់ការសាកល្បងមួយចំនួន មុនពេល ចូលមកអង្គភាព ដែលជាកម្មសិទ្ធិរបស់សេវាកម្មនេះ។ នេះបើយោងតាម Stars and Stripes។

អ្នកនាំពាក្យរបស់ Seventh Fleet លោកអនុសេនីយ៍ឯក Joe Keiley បានកត់សម្គាល់ថា ការត្រួតពិនិត្យនេះ មិនត្រឹមតែរាប់បញ្ចូល ទាំងការពិនិត្យសុខភាព សម្រាប់ជំងឺ COVID-19 ទេ ប៉ុន្តែថែមទាំងតម្រូវឱ្យបុគ្គលម្នាក់ៗ ឆ្លើយសំណួរនិងរាយការណ៍ អំពីព័ត៌មានដែលពាក់ព័ន្ធថែមទៀតផង។

សូមជម្រាបថា បុគ្គលទាំងអស់ចាប់ពីជនស៊ីវិល និងភ្ញៀវទេសចរ រហូតដល់នាវិកនិងអ្នកម៉ៅការ នឹងត្រូវបំពេញដំណើរការនេះ ដើម្បីបន្តទៅតំបន់ ដែលកាន់កាប់ដោយ Seventh Fleet ។ បើតាមអ្នកនាំពាក្យបាននិយាយថា មន្ត្រីនានាបានត្រៀមផ្តល់ការគាំទ្រ ដល់អ្នកដែលនឹងត្រូវដាក់ ឱ្យនៅដាច់ដោយឡែកផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top