ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដទាមទារឲ្យកូរ៉េខាងត្បូង ចូលរួមចំណែកបន្ថែម​ លើចំណាយការពារជាតិ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង អាចនិងគួរតែចូលរួមចំណែកបន្ថែមទៀត ដល់វិស័យការពារជាតិរបស់ខ្លួន ទាក់ទងនឹងការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដល់ការថែរក្សាកងទ័ពអាមេរិក នៅលើឧបទ្វីបនេះ។

លោក Esper បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនៅមន្ទីរបញ្ចកោណ។ លោកក៏បានព្រមានផងដែរថា បុគ្គលិកកូរ៉េខាងត្បូង នៅមូលដ្ឋានយោធាអាមេរិក នឹងបន្ដការងារបាន លុះត្រាតែមានកិច្ចព្រមព្រៀងមួយ ទាន់ពេលវេលា។

ប្រទេសទាំងពីរ បាននិងកំពុងចរចា លើកិច្ចព្រមព្រៀងវិធានការពិសេសថ្មីមួយ ដើម្បីពុះពារការចំណាយ របស់វត្តមានកងទ័ពសហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងដោយក្រុងវ៉ាស៊ីនតោន ទាមទារឱ្យមានការកើនឡើង គួរឱ្យកត់សម្គាល់ ក្នុងការចូលរួមវិភាគទាន របស់ក្រុងសេអ៊ូល៕ ដោយ៖ ឈូក បូរ៉ា

To Top