បរទេស៖ ប្រទេសរុស្ស៊ី និងប្រទេសតួកគី កំពុងតែត្រៀមរៀបចំកិច្ចពិភាក្សាគ្នា ស្តីពីវិធីទប់ស្កាត់ការប្រយុទ្ធគ្នា នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃចន្ទនេះ។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ តាមសេចក្តីរាយការណ៍ ត្រូវបានគេដកស្រង់សម្តីថា “ស៊ែរីនៃកិច្ចពិភាក្សាមួយផ្សេងទៀត ដែលយើងសង្ឃឹមថា នឹងនាំយើងទៅរកកិច្ចព្រមព្រៀងគ្នាមួយ ស្តីពីវិធីធ្វើឲ្យប្រាកដថា នេះគឺពិតជាតំបន់គ្មានភាពតានតឹង និងថា ពួកភេរវករ មិនធ្វើប្រតិបត្តិការនៅទីនោះ នាពេលបច្ចុប្បន្ននេះ កំពុងតែត្រូវបានរៀបចំធ្វើឡើង”។
គួរបញ្ជាក់ថា ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ ចូលពាក់ព័ន្ធក្នុងសង្គ្រាមស៊ីរី កងកម្លាំងតួកគី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើប្រតិបត្តិការវាយលុកមួយ នៅក្នុងខេត្ត Idlib ដោយផ្តោតគោលដៅ លើកងកម្លាំងរដ្ឋាភិបាល របស់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ៕ ប្រែសម្រួល៖ប៉ាង កុង