ព័ត៌មានអន្តរជាតិ

ចិនបណ្តេញអ្នកកាសែតរបស់ Wall Street Journal ៣នាក់ចេញពីប្រទេស ដោយសារផ្សាយរឿង ប្រទេសចិន គឺជាអ្នកជំងឺពិតប្រាកដរបស់អាស៊ី

បរទេស៖ អ្នកយកព័ត៌មាន២រូប ក្នុងចំណោមអ្នកយកព័ត៌មាន ៣រូប របស់កាសែត Wall Street Journal ដែលមានមូលដ្ឋាននៅចិនដីគោក ដែលលិខិតបញ្ជាក់សារពត៌មានរបស់ខ្លួន ត្រូវបានដកហូតកាលពីសប្តាហ៍មុន ដោយសារតែការចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “ ប្រទេសចិន គឺជាអ្នកជំងឺពិតប្រាកដរបស់អាស៊ី” បានចាកចេញពីប្រទេសកាលពីថ្ងៃច័ន្ទ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អត្ថបទវិចារណកថាដ៏ចម្រូងចម្រាស ដែលត្រូវបានសរសេរដោយ Walter Russell Mead និងត្រូវបានបោះពុម្ពផ្សាយ នៅថ្ងៃទី ៣ ខែកុម្ភៈ បានអះអាងថា អាជ្ញាធរចិន កំពុងព្យាយាមលាក់បាំងទំហំពិត នៃការឆ្លងវីរុសជំងឺ COVID-១៩ ហើយពួកគេនៅតែបន្តតស៊ូ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ និងចាប់ផ្តើមសេដ្ឋកិច្ច របស់ពួកគេឡើងវិញ។

បុគ្គលិកទាំងនោះ ត្រូវបានកំណត់អត្តសញ្ញាណ ដោយកាសែត Wall Street Journal ជាជនជាតិអាមេរិក, ជាអនុប្រធាន ការិយាល័យក្រុងប៉េកាំងរបស់ចិន លោក Josh Chin និងអ្នកយកព័ត៌មានលោក Chao Deng ក៏ដូចជាលោក Philip Wen ជនជាតិអូស្ត្រាលី។ អ្នកទាំង ៣ មានពេល ៥ ថ្ងៃ ដើម្បីចាកចេញពីប្រទេស បន្ទាប់ពីការប្រកាសថ្ងៃទី ១៩ ខែកុម្ភៈ។

ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបណ្តេញ អ្នកយកព័ត៌មានទាំងបីនាក់នេះ គឺត្រូវបានទទួលការរិះគន់យ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍ផ្លូវការមួយ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុន បានថ្កោលទោស ចំពោះការបណ្តេញចេញនេះ ដោយកត់សម្គាល់ថា“ ប្រទេសដែលមានភាពចាស់ទុំ និងមានការទទួលខុសត្រូវ ត្រូវយល់ អំពីអង្គហេតុសេរីភាព នៃការរាយការណ៍ព័ត៌មាន និងការបញ្ចេញមតិ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top