បរទេស៖ អ្នកយកព័ត៌មាន២រូប ក្នុងចំណោមអ្នកយកព័ត៌មាន ៣រូប របស់កាសែត Wall Street Journal ដែលមានមូលដ្ឋាន នៅចិនដីគោក ដែលលិខិតបញ្ជាក់ សារពត៌មានរបស់ខ្លួន ត្រូវបានដកហូត កាលពីសប្តាហ៍មុន ដោយសារតែការចេញ ផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “ ប្រទេសចិន គឺជាអ្នកជំងឺពិតប្រាកដរបស់អាស៊ី” បានចាកចេញពីប្រទេសកាលពីថ្ងៃច័ន្ទ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អត្ថបទវិចារណកថាដ៏ចម្រូងចម្រាសដែលត្រូវបានសរសេរដោយ Walter Russell Mead និងត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃទី ៣ ខែកុម្ភៈ បានអះអាងថា អាជ្ញាធរចិនកំពុងព្យាយាមលាក់បាំង ទំហំពិតនៃការឆ្លងវីរុសជំងឺ COVID-១៩ ហើយពួកគេនៅតែបន្តតស៊ូ ដើម្បីគ្រប់គ្រងការ រីករាលដាលនៃជំងឺនេះ និងចាប់ផ្តើមសេដ្ឋកិច្ច របស់ពួកគេឡើងវិញ។
បុគ្គលិកទាំងនោះ ត្រូវបានកំណត់អត្តសញ្ញាណ ដោយកាសែត Wall Street Journal ជាជនជាតិអាមេរិក, ជាអនុប្រធានការិយាល័យក្រុងប៉េកាំងរបស់ចិនលោក Josh Chin និងអ្នកយកព័ត៌មានលោក Chao Deng ក៏ដូចជាលោក Philip Wen ជនជាតិអូស្ត្រាលី។ អ្នកទាំង ៣ មានពេល ៥ ថ្ងៃ ដើម្បីចាកចេញពីប្រទេសបន្ទាប់ពីការប្រកាសថ្ងៃទី ១៩ ខែកុម្ភៈ។
ការសម្រេចចិត្ត របស់ប្រទេសចិន ក្នុងការបណ្តេញអ្នកយកព័ត៌មាន ទាំងបីនាក់នេះ គឺត្រូវបានទទួលការរិះគន់យ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក ។ សេចក្តីថ្លែងការណ៍ផ្លូវការមួយ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយ កាលពីថ្ងៃពុធសប្តាហ៍ មុនបានថ្កោលទោស ចំពោះការបណ្តេញចេញនេះ ដោយកត់សម្គាល់ថា“ ប្រទេសដែលមានភាពចាស់ទុំ និងមានការទទួលខុសត្រូវ ត្រូវយល់ អំពីអង្គហេតុសេរីភាពនៃការរាយការណ៍ព័ត៌មាន និងការបញ្ចេញមតិ” ៕
ប្រែសម្រួលៈ ណៃ តុលា