វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង អាចនិងគួរតែចូលរួម ចំណែកបន្ថែមទៀត ដល់វិស័យការពារជាតិ របស់ខ្លួន ទាក់ទងនឹងការរួមចំណែក ផ្នែកហិរញ្ញវត្ថុ ដល់ការថែរក្សាកងទ័ព អាមេរិកនៅលើឧបទ្វីបនេះ។
លោក Esper បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Jeong Kyeong-doo បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី នៅមន្ទីរបញ្ចកោណ ។ លោកក៏បានព្រមានផងដែរថា បុគ្គលិកកូរ៉េខាងត្បូង នៅមូលដ្ឋានយោធាអាមេរិក នឹងបន្ដការងារបានលុះត្រា តែមានកិច្ចព្រមព្រៀងមួយទាន់ពេលវេលា។
ប្រទេសទាំងពីរ បាននិងកំពុងចរចា លើកិច្ចព្រមព្រៀងវិធានការ ពិសេសថ្មីមួយ ដើម្បីពុះពារការចំណាយ របស់វត្តមានកងទ័ព សហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង ដោយក្រុងវ៉ាស៊ីនតោន ទាមទារឱ្យមានការកើនឡើង គួរឱ្យកត់សម្គាល់ ក្នុងការចូលរួមវិភាគទាន របស់ក្រុងសេអ៊ូល៕
ដោយ ឈូក បូរ៉ា