បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌា នឹងទិញសម្ភារៈយោធានានា មានទំហំទឹកប្រាក់៣ពាន់លានដុល្លារ រួមមានទាំងឧទ្ធម្ភាគចក្រចម្បាំង ស្របពេលដែលប្រទេសទាំងពីរ ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពការពារជាតិ និងពាណិជ្ជកម្ម ក្នុងគោលបំណងធ្វើឲ្យមានតុល្យភាព ជាមួយក្នុងតំបន់ជាមួយចិន។
យោងតាមសម្តីរបស់លោក ត្រាំ ក្រៅពីនោះ ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើឲ្យមានភាពវិវត្តទៅមុខ លើកិច្ចព្រមព្រៀងជំនួញដ៏ធំមួយ ហើយមន្ត្រីចរចាមកពីភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នា អស់រយៈពេលជាច្រើនខែ ដើម្បីបង្រួមភាពខុសគ្នាឲ្យកាន់តែតូច ស្តីពីទំនិញកសិដ្ឋាន ឧបករណ៍វេជ្ជសាស្ត្រ ជំនួញឌីជីថល និងពន្ធគយថ្មី។
នៅថ្ងៃអង្គារនេះ លោក ត្រាំ តាមសេចក្តីរាយការណ៍ បានអង្គុយពិភាក្សាគ្នាមួយតទល់ នឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ហើយបន្ទាប់មកទៀត មានកិច្ចពិភាក្សាលំដាប់ប្រតិភូនានា ដើម្បីព្យាយាមរំកិលឆ្ពោះទៅរកបញ្ហា ដែលធ្វើឲ្យប្រទេសទាំងពីរ ខ្វែងគំនិតគ្នា ជាចម្បងនោះ គឺជម្លោះពាណិជ្ជកម្ម ដែលកំពុងតែក្តៅគគុក៕ ប្រែសម្រួល៖ប៉ាង កុង