ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃពុធនេះថា មនុស្ស៥នាក់បានស្លាប់ និង៣នាក់ទៀតកំពុងបាត់ខ្លួន និងពលរដ្ឋរាប់ពាន់នាក់ មិនអាចវិល ទៅលំនៅដ្ឋាន របស់ពួកគេវិញបាននៅឡើយទេ ក្រោយពីគ្រោះទឹកជំនន់ បានកើតឡើងនៅតំបន់ជាច្រើន នៃរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ។
គ្រោះទឹកជំនន់បានកើតឡើង ជន់លិចនៅតំបន់មន្ទីរពេទ្យ និងទូទាំងរដ្ឋធានីហ្សាការតា កាលពីថ្ងៃអង្គារ ។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ របស់ឥណ្ឌូនេស៊ី បាននិយាយថា យុវវ័យ០២នាក់ក្នុងចំណោមមនុស្ស០៥នាក់ដែលបានលង់ទឹកស្លាប់ ឬឆក់ចរន្តអគ្គីសនីនៅក្នុងទីក្រុង ។
ពលរដ្ឋជិត២០.០០០នាក់ កំពុងស្នាក់នៅជាបណ្តោះអាសន្ន នៅកន្លែងជួយសង្គ្រោះបន្ទាន់ ។
លោក Agus Wibowo អ្នកនាំពាក្យរបស់ទីភ្នាក់ងារខាងលើ បាននិយាយថា “ក្រុមជួយសង្គ្រោះចម្រុះនៅតែបន្តរុករកអ្នកបាត់ខ្លួននៅឡើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា