បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិក នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយពួកតាលីបង់ ដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើការបន្ថយ អំពើហិង្សារយៈពេលមួយសប្ដាហ៍នាបច្ចុប្បន្ននេះ ទទួលបានជោគជ័យ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោក Pompeo បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោនថា “ប្រសិនបើវាទទួលបានជោគជ័យ យើងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក និងពួកតាលីបង់”។
គួរបញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក ចង់ដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែលោកបានព្រមានពួកតាលីបង់ថា “ប្រសិនបើពួកគេឆ្លៀតឱកាស នៃស្ថានភាពនេះ យើងនឹងវាយប្រហារពួកយ៉ាងខ្លាំងក្លា”៕ ប្រែសម្រួល៖ប៉ាង កុង