សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធថា ករណីថ្មីមួយនៃវីរុសកូរ៉ូណា បានមានវត្តមាន នៅទឹកដីភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា ដែលអាចជាសញ្ញាមួយបញ្ជាក់បានថា វីរុសកំពុងតែឆ្លងរាលដាល នៅក្នុងសហគមន៍អាមេរិកហើយ ។
ខាង CDC បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកជំងឺមិនទាន់ដឹងប្រាកដនៅឡើយទេ ។ វាជាធម្មតាអាចនឹងឋិតក្នុងសហគមន៍ ដែលឆ្លងវីរុស COVID-19 ដែលនឹងបានកើតឡើងជាលើកដំបូង ហើយនៅលើទឹកដីសហរដ្ឋអាមេរិក” ។ ការឆ្លងរាលដាល នៅក្នុងសហគមន៍មានន័យថា ឆ្លងរាលដាលពីអ្នកជំងឺម្នាក់ ដែលប្រភពនៃការឆ្លង មិនទាន់ដឹងច្បាស់លាស់ ។
ក្រសួងសុខភាព សាធារណៈរដ្ឋកាលីហ្វ័រនីញ៉ា បានបញ្ជាក់អំពីអត្តសញ្ញាណ នៃអ្នកជំងឺដែលជាអ្នកស្រុកម្នាក់ រស់នៅតំបន់ Solano ចម្ងាយប្រមាណ៩៤គីឡូម៉ែត្រ នៅភាគឦសាន ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលត្រូវបានទទួលការព្យាបាល នៅតំបន់ Sacramento ។
ក្រសួងបានឲ្យដឹងថា “មិនទាន់ដឹងច្បាស់លាស់ អំពីការឆ្លងចូលនូវវីរុស តាមរយៈការធ្វើដំណើរ ឬក៏តាមរយៈការទំនាក់ទំនងណាមួយ ដែលបានដឹងច្បាស់ អំពីអ្នកមួយចំនួនដែលមានផ្ទុកវីរុស” ។
ការរកឃើញថ្មី គឺជាលើកទី១៥ករណី ដែលបានធ្វើតេស្តមានលទ្ធផលជាវិជ្ជមាន នៃវីរុសកូរ៉ូណា នៅក្នុងទឹកដីសហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា