បរទេស៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍បានស្នើសុំឱ្យសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងប្រទេសបិទទ្វារ ចាប់ពីថ្ងៃច័ន្ទរហូតដល់ចុងបញ្ចប់នៃវិស្សមកាល និទាឃរដូវរបស់ពួកគេ ដែលជាទូទៅនឹងបញ្ចប់នៅដើមខែមេសា។
យោងតាមសារព័ត៌មាន The Japane Times ចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោកអាបេ បានប្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសំខាន់ៗក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្តីពីវិបត្ដិនៃការឆ្លងវីរុស Covid-19ថា “ការខិតខំប្រឹងប្រែងត្រូវបានធ្វើឡើង ដើម្បីការពារការរីករាលដាលនៃការឆ្លងក្នុងចំណោម កុមារនៅក្នុងតំបន់នីមួយៗ ហើយរយៈពេលមួយឬពីរសប្តាហ៍នេះ គឺជារយៈពេលដ៏សំខាន់បំផុត” ។
លោកថា « រដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពនិងសុវត្ថិភាពរបស់កុមារ»។
ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរ បស់លោកអាបេនេះ បានកើតឡើងនៅពេលដែលចំនួនអ្នកជំងឺ Covid-19 ដែលបានបញ្ជាក់ថាបានកើនឡើងរហូតដល់ចំនួន ២០០ នាក់នៅទូទាំងប្រទេសជប៉ុន គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយមិនរាប់បញ្ចូលអ្នកឆ្លងជាង ៧០០ នាក់ទៀត ដែលទាក់ទងទៅនឹងនាវាទេសចរណ៍ Diamond Princess ដែលរងការវាយប្រហារដោយវីរុសនោះទេ។
ភាគច្រើននៃសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ១.៦០០ នៅកោះហុកកៃដូ បានសម្រេចបិទទ្វាររយៈពេលមួយសប្តាហ៍នៅថ្ងៃដដែល ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបន្ថយការផ្ទុះឡើងនៃវីរុស៕ប្រែសម្រួលៈ ណៃ តុលា