ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ជំរុញតួកគីឲ្យការពារ បរិវេណមន្ត្រីការ ទូតរុស្ស៊ី នៅតួកគី

បរទេស ៖វិមានក្រឹមឡំាង នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា ទីក្រុងមូស្គូសង្ឃឹមថា ប្រទេសតួកគីនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារជនជាតិរុស្ស៊ីនិងបរិវេណអគារមន្ត្រីការទូតរុស្ស៊ី នៅក្នុងប្រទេសតួកគី ស្របពេលដែលមានភាពតានតឹងកើនឡើង ជុំវិញបញ្ហាស៊ីរី។

ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយមានការសម្លាប់ទាហានតួកគី៣៣នាក់ នៅក្នុងការវាយប្រហារមួយធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់ Idlib ប្រទេសស៊ីរីភាគពាយព្យ កាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសរុស្ស៊ី គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់រដ្ឋាភិបាលស៊ីរី។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានជួបក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាស៊ីរី និងបានមានប្រសាសន៍ថា កងទ័ពតួកគីគួរតែមិនឈរជើងនៅក្រៅប៉ុស្តិ៍អង្កេតការណ៍របស់ខ្លួន ក្នុងតំបន់ Idlib ប្រទេសស៊ីរីនោះឡើយ៕
ប្រែសម្រួល៖ប៉ាង កុង

To Top