ព័ត៌មានអន្តរជាតិ

មន្ត្រីសុខាភិបាល បញ្ជាក់ពីករណីស្លាប់ដំបូង របស់អាមេរិក បណ្ដាលពីកូរ៉ូណាវីរុស

បរទេស ៖ មន្ត្រីសុខាភិបាលអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ពីការស្លាប់ដំបូង របស់ជនជាតិអាមេរិក បណ្ដាលមកកូរ៉ូណាវីរុស នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយយោងតាមក្រសួង សុខាភិបាល របស់ទីក្រុងវ៉ាស៊ីនតោន និងអភិបាលក្រុងវ៉ាស៊ីនតោន លោក Jay Inslee បានឲ្យដឹងថា បុគ្គលមួយរូបនៅរដ្ឋវ៉ាស៊ីនតោន បានស្លាប់បាត់បង់ជីវិត ដោយសារតែកូរ៉ូណាវីរុស ។

លោក Jay Inslee បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជាពេលវេលាដ៏សោកសៅ នៅក្នុងរដ្ឋរបស់យើង ដោយយើងបានដឹងថា ពលរដ្ឋនៅវ៉ាស៊ីនតោនមួយរូប បានស្លាប់បាត់បង់ជីវិត ដោយសារតែជម្ងឺ COVID-19 ហើយយើងសូមចូលរួមរំលែងទុក ចំពោះក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់គាត់ ។ យើងនឹងបន្តធ្វើការងារ ឆ្ពោះទៅរកពេលវេលាមួយ ដែលគ្មានអ្នកស្លាប់ បណ្ដាលមកពីវីរុសនេះទៀត” ។

គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយពេលមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ មនុស្សម្នាក់ ក្នុងចំណោមមនុស្សឆ្លងកូរ៉ូណាវីរុស៤នាក់ ដែលគេហៅថា ឆ្លងមេរោគតាមសហគមន៍ គឺមានន័យថា អ្នកជម្ងឺមិនបានឆ្លងជម្ងឺតាមរយៈការធ្វើដំណើរ ឬក៏ជាប់ទាក់ទងនឹងនាវាដឹកជញ្ជូននានាដែលគេស្គាល់នោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top