បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ាក់ បានណែនាំមិនឲ្យ សាធារណជន ជួប្រជុំគ្នា ក្នុងគោលបំណងជៀស វាងការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស បើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានរដ្ឋរបស់ប្រទេសអ៊ីរ៉ាក់ ។
ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានរកឃើញករណីឆ្លងកូរ៉ូណាវីរុសថ្មីចំនួន៥ គឺ៤នាក់ នៅក្នុងទីក្រុងបាដាដ និងមួយនាក់ទៀត នៅក្នុងខេត្ត Babel នេះបើតាមសម្តីក្រសួងបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បណ្ដាលឲ្យមានចំនួនអ្នកឆ្លងកូរ៉ូណាវីរុសនៅក្នុងប្រទេសអ៊ីរ៉ាក់សរុបចំនួន១៣នាក់។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយប្រាប់ថា អ្នកជម្ងឺទាំងនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេហើយ៕
ប្រែសម្រួល៖ប៉ាង កុង