ព័ត៌មានអន្តរជាតិ

វេជ្ជបណ្ឌិតនៅចិនជាច្រើននាក់ ស្លាប់ដោយសារមេរោគ Covid-19 ខណៈបុគ្គលិកសុខាភិបាល រាប់ពាន់នាក់ទៀតបានឆ្លង

បរទេស៖ លោកវេជ្ជបណ្ឌិត Peng Yinhua អាយុ ២៩ ឆ្នាំជាវេជ្ជបណ្ឌិតជនជាតិចិន មានគម្រោងរៀបអាពាហ៍ពិពាហ៍ ជាមួយគូដណ្តឹងរបស់គាត់ នៅថ្ងៃទី ១ ខែកុម្ភៈ។ គាត់បានទទួលមរណភាព ដោយសារជំងឺរលាកសួតថ្មី Covid-19 កាលពីថ្ងៃទី ២១ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Peng គឺជាបុគ្គលិកម្នាក់ ក្នុងចំណោមបុគ្គលិកសុខាភិបាលយ៉ាងតិច ៨ នាក់ដែលបានស្លាប់ ដោយសារវីរុសនេះ។ វេជ្ជបណ្ឌិតវ័យក្មេងម្នាក់ទៀត គឺលោក Li Wenliang បានទទួលមរណភាពនៅថ្ងៃទី ៧ ខែកុម្ភៈ ដោយបន្សល់ទុកកូនប្រុសម្នាក់និងភរិយា កំពុងមានផ្ទៃពោះ។ លោក Li ដែលមានអាយុ ៣៤ ឆ្នាំ ត្រូវបានគេត្រួតពិនិត្យ បន្ទាប់ពីបានសង្ស័យអំពីវីរុសនេះ ចំពោះអតីតនិស្សិតពេទ្យនៅសាលាពេទ្យ។

កាសែត LA Times បានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារ បុគ្គលិកសុខាភិបាលជាង ៣.៣០០ នាក់នៅក្នុងប្រទេសចិន បានឆ្លងវីរុសនេះ។ ប្រហែលជា ៩០ ភាគរយនៃករណីទាំងនោះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី ដែលការផ្ទុះឡើង បានចាប់ផ្តើមកាលពី ២ ខែមុន។

ការស្លាប់របស់វេជ្ជបណ្ឌិត ក្នុងអាយុ ២០ ឆ្នាំនិង ៣០ ឆ្នាំធ្វើឱ្យមានការព្រួយបារម្ភ អំពីហានិភ័យនៃការឆ្លងមេរោគ ចំពោះមនុស្សវ័យក្មេង ប៉ុន្តែយោងទៅតាម គណៈកម្មការសុខភាពជាតិ របស់ប្រទេសចិន ប្រហែលជា ៨០% នៃអ្នកដែលបានស្លាប់ ដោយសារជម្ងឺ COVID-១៩ មានអាយុលើស ៦០ ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា

To Top