បរទេស៖ សមាជិកសភាចំនួន ២៣ នាក់ ក្នុងចំណោមសមាជិក សភាទាំងអស់ ២៩០នាក់របស់ប្រទេសអ៊ីរ៉ង់ បានធ្វើតេស្ត៍ជាលទ្ធផលវិជ្ជមាន ក្នុងការរកមេរោគវីរុស Covid-19 ។ សរុបចំនួន ២.៣៣៦ ករណីនៃវីរុសនេះ ត្រូវបានបញ្ជាក់ជាផ្លូវការ នៅក្នុងប្រទេសនេះ ក៏ដូចជាការស្លាប់ចំនួន ៧៧ នាក់ ប៉ុន្តែតួលេខពិតប្រាកដត្រូវ បានគេជឿជាក់ថាខ្ពស់ជាងនេះ។
យោងតាមសារព័ត៌មាន DAILY BEAST ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកសភាទាំង ២៣ នាក់ គឺជាតួលេខចុងក្រោយ ដែលមានឥទ្ធិពលក្នុងការឆ្លងជំងឺនេះ នៅក្នុងទីក្រុង តេហេរ៉ង់ ។ កាលពីសប្តាហ៍មុន ប្រធានក្រុមប្រយុទ្ធប្រឆាំង នឹងមេរោគឆ្លងនៃប្រទេសអ៊ីរ៉ង់ បានឆ្លងកវីរុសនេះ ជាងនេះទៅទៀត កាលពីថ្ងៃច័ន្ទមន្ត្រីកំពូលម្នាក់បានពិពណ៌នាថា ជាមនុស្សជំនិតម្នាក់ របស់មេដឹកនាំកំពូល Ayatollah Khamenei ក៏បានស្លាប់ដោយសារមេរោគនេះដែរ។
យោងតាមសារព័ត៌មាន CNN គឺអនុប្រធាន Abdul Reza Misri បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃអង្គារថាប្រហែល ៨ ភាគរយ នៃសមាជិកសភាទាំងអស់ បានធ្វើតេស្តវិជ្ជមានចំពោះមេរោគនេះ។ សមាជិកសភាទាំងអស់ ត្រូវបានគេប្រាប់ឱ្យបញ្ឈប់ការទាក់ទង ជាមួយសាធារណជន ដើម្បីបញ្ឈប់ការរីករាលដាលបន្ថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា