ព័ត៌មានអន្តរជាតិ

តួកគី បាញ់ទម្លាក់យន្តហោះ ចម្បាំងស៊ីរីស្របពេលការ ប្រយុទ្ធគ្នាកើនឡើង

បរទេស៖ តួកគី តាមសេចក្តីរាយការណ៍ បានបាញ់ទម្លាក់យន្តហោះចម្បាំង រដ្ឋាភិបាលស៊ីរីមួយគ្រឿង នៅថ្ងៃអង្គារនេះ នៅប្រទេសស៊ីរីភាគពាយព្យ ជាទីដែលមានការប្រយុទ្ធគ្នា បានកើនឡើងខ្លាំង នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលដែលកងកម្លាំង តួកគីធ្វើអន្តរាគមន៍ក្នុងសង្គ្រាម នៅលើតំបន់សេសសល់ចុងក្រោយ ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម។

នេះគឺជាយន្តហោះស៊ីរីទី៣ ដែលត្រូវតួកគីបាញ់ទម្លាក់ ចាប់តំាងពីថ្ងៃអាទិត្យមក នៅក្នុងយុទ្ធនាការកំពុងកើនឡើង ប្រឆាំងកងកម្លាំងរបស់ លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ ដែលគម្រាមនាំយកប្រទេសតួកគី ជាសមាជិកណាតូ ឲ្យធ្លាក់ចូលទៅក្នុងការ ប្រឈមមុខដាក់គ្នាត្រង់ៗ ជាមួយប្រទេសរុស្ស៊ី ជាសម្ពន្ធមិត្តដ៏មានអំណាច របស់លោក អាសាដ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ការវាយប្រហារតាមអាកាសស៊ីរី បានសម្លាប់ទាហានតួកគីតិចបំផុត ៣៤នាក់ នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ទៅលើកងទ័ពតួកគី ក្នុងរយៈពេលជាច្រើនទសវត្សនេះ ហើយទីក្រុងមូស្គូ ដែលមានមីស៊ីលប្រឆាំងយន្តហោះនៅស៊ីរី ចាប់តាំងពីនោះមក បានព្រមានតួកគីថា ខ្លួនមិនអាចធានាសុវត្ថិភាពយន្តហោះតួកគី នៅក្នុងដែនអាកាសស៊ីរីនោះឡើយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top