បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បាននិយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្រ្តី នឹងបរិច្ចាគប្រាក់ខែ យ៉ាងហោចណាស់មួយខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Narumon បាននិយាយថា ការប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារ បានអនុម័តការបើកមូលនិធិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង ដោយការចូលរួមវិភាគទានដំបូង បានមកពីនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្រ្តី។
លោកស្រីបន្ថែមថា មូលនិធិនេះ នឹងជួយប្រជាជនបង់ថ្លៃដែលចាំបាច់ ដើម្បីការពារខ្លួន និងអ្នកដទៃទៀត ប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។
រដ្ឋមន្រ្តីការិយាល័យនាយករដ្ឋមន្រ្តី លោក Tewan Liptapallop បាននិយាយថា ក្នុងពេលដំណាលគ្នានោះ សម្តេចសង្ឃកំពូលបានបរិច្ចាគថវិកា ២ លានបាត ដើម្បីទិញម៉ាសមុខសម្រាប់ព្រះសង្ឃ នៅតាមវត្តនានា ទូទាំងប្រទេសផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា