ព័ត៌មានអន្តរជាតិ

រុស្ស៊ីកំពុងសង្ឃឹមថា នឹងកាត់បន្ថយហានិភ័យ នៃការប៉ះទង្គិចគ្នា ជាមួយតួកគី ក្នុងប្រទេសស៊ីរី ឲ្យនៅកម្រិតតិចបំផុត

បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី កំពុងតែសង្ឃឹមថា នឹងកាត់បន្ថយហានិភ័យ នៃការប៉ះទង្គិចគ្នាត្រង់ៗ ជាមួយតួកគី ក្នុងប្រទេសស៊ីរី ឲ្យដល់កម្រិតតិចបំផុត បើទោះជាទាហាន ពីប្រទេសទាំងពីរ កំពុងតែស្ថិតនៅជិតគ្នា ក្នុងតំបន់ Idlib ដោយគាំទ្រភាគីជម្លោះផ្សេងគ្នា។

នៅពេលត្រូវគេសួរពីហានិភ័យ នៃការប៉ះទង្គិចគ្នានោះ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់អ្នកសារព័ត៌មាន ដូច្នេះថា “យើងសង្ឃឹមថា យើងអាចធ្វើឲ្យហានិភ័យ នៃការប៉ះទង្គិចគ្នាដោយផ្ទាល់ ជាមួយតួកគីនេះ នៅកម្រិតតិចបំផុត ហើយសូមអរគុណ ចំពោះការទាក់ទងគ្នា យ៉ាងជិតស្និទ្ធ រវាងយោធា របស់ប្រទេសទាំងពីរ”។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានថ្លែងយ៉ាងដូច្នេះ ក្រោយពេលមួយថ្ងៃ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី បានចូលទៅក្នុងផ្នែក នៃទីក្រុងយុទ្ធសាស្ត្រ ដែលពួកឧទ្ទាមគ្រប់គ្រង ឈ្មោះទីក្រុង Saraqeb ដោយមានការជួយពីរុស្ស៊ី ហើយក្រសួងការពារជាតិរុស្ស៊ី ក៏បាននិយាយផងដែរថា ប៉ូលីសយោធារុស្ស៊ី ក៏បានចូលទៅក្នុងទីក្រុង Saraqeb នោះដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top