ព័ត៌មានអន្តរជាតិ

ព្យុះភ្លៀងវាយប្រហារ នៅភាគអាគ្នេយ៏ប្រេស៊ីល សម្លាប់មនុស្ស អស់តិចបំផុត១៦នាក់ និងបាត់ខ្លួន៣៣នាក់

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្សចំនួន១៦នាក់បានស្លាប់ និង៣៣នាក់កំពុងបាត់ខ្លួន ក្រោយពីមានគ្រោះទឹកជំនន់ និងហូរច្រោះល្បាប់ភក់ ដែលបង្កឡើងដោយព្យុះភ្លៀង នៅតំបន់ភាគអាគ្នេយ៏ នៃប្រទេសប្រេស៊ីល ។

ក្រុងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ដែលរួមមាន Santos, Guaruja និង Sao Vicente ដែលជារម្មណីយដ្ឋានទេសចរណ៍ ដ៏ទាក់ទាញនៅរដ្ឋសៅប៉ូឡូ បានរងការបំផ្លិចបំផ្លាញយ៉ាងច្រើន ។

នៅក្នុងសេចក្តីប្រកាសមួយ របស់រដ្ឋាភិបាល ក្នុងស្រុកបានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន០២នាក់ បានបាត់បង់ជីវិត នៅគ្រាដែលព្យាយាមជួយសង្គ្រោះពលរដ្ឋនៅ Morro dos Macacos នៅក្នុងក្រុង Guaruja ។

អ្នកដែលបាត់ខ្លួនភាគច្រើន ជាអ្នកស្រុករស់នៅតំបន់មួយទៀតជាប់នឹង favela គឺនៅក្រុង Vila Baiana ដែលជាកន្លែងមានដួលរលំផ្ទះច្រើនខ្នងដោយសារស្រុតហូរច្រើនល្បាប់ភក់ និងភ្លៀង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top