បរទេស៖ ប៉ូលីសអន្តោប្រវេសន៍ថៃ បាននិយាយនៅថ្ងៃពុធថា ក្នុងចំណោមពលករថៃចំនួន ១៨០ នាក់ ដែលបានវិលត្រឡប់ មកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអាកាសយានដ្ឋាន ក្នុងរយៈពេលបីថ្ងៃ គឺមាន ១៩ នាក់មានអាការៈក្តៅខ្លួន ប៉ុន្តែត្រូវបានធ្វើតេស្តិ៍អវិជ្ជមាន សម្រាប់មេរោគ Covid-19 ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ជើងហោះហើររបស់ពួកគេ បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ នៅដុនមឿង និងអាកាសយានដ្ឋាន ភូកេត។
ក្នុងចំណោមអ្នកមកដល់ចំនួន ១៨០ នាក់នោះ គឺមាន ១៩ នាក់ត្រូវបានរកឃើញថាមានគ្រុនក្តៅ ហើយត្រូវបានគេទុក ឱ្យនៅដាច់ដោយឡែក ដើម្បីត្រួតពិនិត្យ។ ពួកគេទាំងអស់ក្រោយមក បានធ្វើតេស្តិ៍អវិជ្ជមាន។ ចំណែកពលករ ១៦១ នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាត ឱ្យទៅផ្ទះរបស់ពួកគេភ្លាមៗ ព្រោះគ្មានរោគសញ្ញាគ្រុនក្តៅ។
សូមជម្រាបថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ៥១៦ ករណី នៅថ្ងៃពុធ ដោយនាំឱ្យចំនួនអ្នកឆ្លងសរុប របស់ប្រទេសកើនឡើងដល់ ៥.៣២៨ នាក់ ជាមួយនឹងការផ្ទុះឡើង នៅភាគអាគ្នេយ៍នៃទីក្រុង Daegu ដែលជាចំណុចផ្ទុះនៅទីនេះ ដែលបង្ហាញពីសញ្ញាតិចតួច នៃការធ្លាក់ចុះ៕ ប្រែសម្រួលៈ ណៃ តុលា