ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារមេរោគឆ្លង ពីការលេចចេញ មកក្បែរប្រធានាធិបតី ពូទីន

បរទេស៖ មេរោគឆ្លង Covid-19 បានរាលដាលដល់ប្រទេស ប្រមាណ ៧០ ហើយដោយមានមនុស្ស រហូតដល់ទៅ ៩៤.០០០ នាក់បានឆ្លងមេរោគនេះ នៅជុំវិញពិភពលោក។ ក្រៅពីប្រទេសចិន ដែលជាកន្លែងដែលជំងឺនេះ លេចចេញជាលើកដំបូង ការផ្ទុះឡើងធំបំផុត ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសអ៊ីរ៉ង់ កូរ៉េខាងត្បូង និងប្រទេសអ៊ីតាលី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យវិមានក្រឹមឡាំងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានការពារពីជំងឺឆ្លង តាមការឆ្លងមេរោគ ព្រោះថា រាល់ការប្រុងប្រយ័ត្នជាមុន ដែលអាចធ្វើទៅបានកំពុងត្រូវបានអនុវត្ត។

ដោយឆ្លើយនឹងសំណួរអំពីអ្វី ដែលបានធ្វើដើម្បីធានាសុវត្ថិភាព របស់លោកពូទីន, អ្នកនាំពាក្យវិមានក្រឹមឡាំងថា «យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារមេរោគ ឆ្លងពីការលេចចេញមកក្បែរប្រធានាធិបតី។ តាមពិតបញ្ហា គឺនិយាយអំពីវិធានការអនាម័យបង្ការធម្មតា ដែលពលរដ្ឋរុស្ស៊ីអាចអនុវត្តបាន»។

សូមជម្រាបថា កាលពីមុននេះ រដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ជាក់ពីករណីឆ្លងវីរុស កូរ៉ូណា ដំបូងរបស់ខ្លួនជាមួយពលរដ្ឋម្នាក់ ដែលបានវិលត្រឡប់ មកពីប្រទេសអ៊ីតាលីកាលពីខែកុម្ភៈ។ យ៉ាងហោចណាស់មនុស្ស ២៤ នាក់ ដែលបានទាក់ទងអ្នកផ្ទុកមេរោគនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកមនុស្ស ៨៣ នាក់ផ្សេងទៀត ត្រូវបានគេជំរុញ ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះខ្លួនឯង។ ក្រោយមកអាជ្ញាធរបានបញ្ជាក់ថា រាល់ការធ្វើតេស្តទៅលើពួកគេបង្ហាញថា គឺលទ្ធផលអវិជ្ជមាន។

យោងតាមទិន្នន័យថ្មីៗនេះ ចំនួនអ្នកស្លាប់ដោយសារមេរោគ Covid-19នេះ បានឈានដល់ ៣២០០ នាក់ មានន័យថា អត្រាមរណភាពរបស់វីរុស មានប្រហែល ៣,៤ ភាគរយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top