បរទេស៖ កងទ័ពតួកគីពីររូបថែមទៀត តាមសេចក្តីរាយការណ៍ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសស៊ីរីភាគពាយ័ព្យ ដែលកំពុងញាំញី ដោយសង្គ្រាមដ៏គួរឲ្យខ្លាច ស្របពេលមានការវាយប្រហារ កំពុងតែប្រព្រឹត្តទៅ ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី។
ក្រសួងការពារជាតិតួកគី បាននិយាយប្រាប់ថា ទាហានទាំងពីរនាក់នោះ ត្រូវបានសម្លាប់នៅក្នុងខេត្ត Idlib និងទាហាន៦នាក់ ផ្សេងទៀតបានរងរបួស។ ខេត្ត Idlib គឺជាតំបន់មួយ ដែលមានការប្រយុទ្ធគ្នា ជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនខែ ស្របពេលដែល កងកម្លាំងរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាម ប្រជែងដណ្ដើមកាន់កាប់តំបន់។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នា បណ្ដាលឲ្យស្លាប់ទាហានតួកគីនេះ គឺបានកើតមានឡើង នៅមុនជំនួបមួយ រវាងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងទីក្រុងមូស្គូ ដោយមេដឹកនាំទាំងពីររូបនេះ អាចនឹងធ្វើការងារ ដើម្បីពង្រឹងតំបន់សុវត្ថិភាពមួយ ក្នុងខេត្តមានជម្លោះ នៅជិតព្រំដែនស៊ីរីជាប់ប្រទេសតួកគី៕ ប្រែសម្រួល៖ប៉ាង កុង