បរទេស៖ ទូរទស្សន៍ប៉ុស្តិ៍លេខ ១៣ របស់អ៊ីស្រាអែលបានរាយការណ៍ នៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Naftali Bennett បានបិទច្រកចូល និងចេញពីទីក្រុង Bethlehem របស់ប៉ាឡេស្ទីន ចំពេលមានការផ្ទុះឡើង នៃវីរុសឆ្លង កូវីដ១៩ ដែលកំពុងញាំញពិភពលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមប៉ុស្តិ៍លេខ ១៣ លោក Bennett បានឯកភាពលើការបិទជាមួយថ្នាក់ដឹកនាំយោធា និងអ្នកសម្របសម្រួលសកម្មភាព រដ្ឋាភិបាល នៅក្នុងដែនដីនេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
ចំណែកប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រកាសពីភាពអាសន្នរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ ផងដែរ។ អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា ពួកគេបានបិទសាលារៀន និងសាកលវិទ្យាល័យអស់រយៈពេល ៣០ ថ្ងៃ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មី ដែលសង្ស័យថាមានចំនួន ៧ ករណី៕
ប្រែសម្រួលៈ ណៃ តុលា