បរទេស ៖មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ថ្កោលទោសចំពោះប្រទេសជប៉ុន ក្រោយមួយថ្ងៃបន្ទាប់ ពីទីក្រុងតូក្យូប្រកាសថា ខ្លួននឹងដាក់ឲ្យនៅដាច់ ដោយឡែកពីគេ នូវអ្នកដំណើរទាំងអស់ មកពីប្រទេសកំពុងតែប្រយុទ្ធ នឹងការរីករាលដាល នៃវីរុសខូវីដ១៩ ដែលបានកើនឡើង ដល់ចំនួន៦.៥៩៣ករណី នៅរសៀលថ្ងៃសុក្រនេះ។
វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាសន្តិសុខជាតិនៃទីក្រុងសេអ៊ូល បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ និងបានបង្ហាញនូវការសោកស្តាយជាខ្លាំង ចំពោះចំណាត់ការរបស់រដ្ឋាភិបាលជប៉ុន ពង្រឹតរឹតបន្តឹងលើការធ្វើដំណើរចូលរបស់ជនជាតិកូរ៉េ។
ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានរិះគន់ថា នោះជាចំណាត់ការមិនស្មើភាពដែលជប៉ុនបានដាក់ ដោយគ្មានការប្រឹក្សាជាមុនជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និងបាននិយាយថា ខ្លួននឹងពិចារណា រកចំណាត់ការប្រឆាំងដ៏ចាំបាច់ រួមបញ្ចូលទាំងចំណាត់ការផ្អែកលើបដិការៈ៕
ប្រែសម្រួល៖ប៉ាង កុង