ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ស៊ី ជិនពីង អាចនឹងធ្វើទស្សនកិច្ច ​នៅទីក្រុង វូហាន កន្លែងផ្ទុះជំងឺជាលើកដំបូង និងដើរសួរសុខទុក្ខ ប្រជាជនដល់ផ្ទះ

បរទេស៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង អាចនឹងធ្វើទស្សនកិច្ច នៅទីក្រុងវូហាន ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ជាលើកដំបូង ចាប់តាំងពីវីរុសនេះ បានលេចចេញជារូបរាងនៅក្នុងខែធ្នូ។ នេះបើយោងតាម សារព័ត៌មាន Asia Times។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត The Times បានដកស្រង់សំដីប្រភព នៅក្នុងទីក្រុងប៉េកាំងថា ក្នុងរយៈពេល មួយសប្តាហ៍ក្រោយនេះ ប្រធានាធិបតីចិន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ច នៅមន្ទីរពេទ្យជាច្រើន ក្នុងទីក្រុង Wuhan ដែលរួមមានមន្ទីរពេទ្យ Leishenshan និង Huoshenshan ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពព័ត៌មាននៅទីក្រុងប៉េកាំង ក៏បានប្រាប់សារព័ត៌មាន Mingpao ដែលមានមូលដ្ឋាន នៅហុងកុងថា លោកស៊ីនឹងធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ Jinyintan ជាកន្លែងដែលអ្នកជំងឺឆ្លងវីរុសដំបូងគេ របស់ប្រទេសចិន ត្រូវបានគេទទួលស្គាល់។ មន្ទីរពេទ្យ Huoshenshan ដែលមានគ្រែ ១០០០ គ្រែ ត្រូវបានសាងសង់ កាលពីដើមខែកុម្ភៈក្នុងរយៈពេល ១០ ថ្ងៃក្នុងគោលបំណងជួយទប់ទល់ នឹងវីរុសដែលសម្លាប់មនុស្ស។

លោកស៊ីក៏ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ច នៅតាមសហគមន៍នានា នៃទីក្រុងវូហាន និងជួបជាមួយប្រជាជន ដែលត្រូវបានគេ ដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុងចាប់តាំងពីថ្ងៃទី ២៣ ខែមករា។ យោងតាមសារព័ត៌មាន Asia Times លោកស៊ីនឹងទៅជួបប្រជាជនបែបនេះ នៅក្នុងផ្ទះរបស់ពួកគេ គឺបន្ទាប់ពីមន្រ្តីមូលដ្ឋានធានាថា គ្មានលទ្ធភាព របស់ប្រធានាធិបតីអាចឆ្លងវីរុស៕
ប្រែសម្រួលៈ ណៃ តុលា

To Top