បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ នឹងជួបគ្នាជាមួយមន្ត្រីសហភាពអឺរ៉ុប នៅក្នុងប្រទេសប៊ែហ្ស៊ិក ដើម្បីពិភាក្សាគ្នា អំពីវិបត្តិជនភៀសខ្លួន ដែលកំពុងតែកើនខ្លាំងឡើង នៅតាមព្រំដែន របស់ប្រទេសតួកគីនិងប្រទេសក្រិក។
លោក Erdogan គ្រោងជួបជាមួយ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel និងប្រធានបេសកកម្មអឺរ៉ុប លោក Ursula von der Leyen នៅក្នុងទីក្រុងព្រួចស៊ែល ដើម្បីពិភាក្សាអំពីអន្តោប្រវេសន៍ សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ហើយនិងវិបត្តិនៅក្នុងប្រទេសស៊ីរី នេះបើតាមសម្តីនាំពាក្យ របស់លោក Michel និយាយឲ្យដឹង។
គួរបញ្ជាក់ថា អ្នកសុំសិទ្ធិជ្រកកោនរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅតាមព្រំដែន ក្រោយទីក្រុងអង់ការ៉ាប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួននឹងមិនព្យាយាមបញ្ឈប់ពួកគេមិនឲ្យចូលទៅក្នុងប្រទេសក្រិកទៀតនោះទេ ហើយចំណែកប៉ូលីសក្រិក បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាំភ្លើងទឹក ទប់ស្កាត់ជនអន្តោប្រវេសន៍ ស្របពេលដែលអឺរ៉ុបអំពាវនាវឲ្យទីក្រុងអាតែន បើកទ្វារទៅកាន់អឺរ៉ុប ដែលមានក្រិកមួយដែរជាសមាជិក៕