ព័ត៌មានអន្តរជាតិ

បុគ្គលិកយោធាអាមេរិកពីរនាក់ ស្លាប់នៅអ៊ីរ៉ាក់ ក្នុងអំឡុងបេសកកម្ម ប្រឆាំងក្រុម រដ្ឋឥស្លាមជ្រុលនិយម

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទសប្ដាហ៍នេះ មន្ត្រីយោធាសហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់ថា បុគ្គលិកយោធាសហរដ្ឋអាមេរិកមួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង ក្នុងខណៈរួមដំណើរ ជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដែលធ្វើបេសកកម្មផ្តោតគោលដៅ លើក្រុមរដ្ឋឥស្លាមជ្រុលនិយម។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ការស្លាប់បុគ្គលិកយោធាសហរដ្ឋអាមេរិកនេះ បង្ហាញឲ្យឃើញថា បើទោះជាបាត់បង់ តំបន់ឈរជើងរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីក៏ដោយ ក៏ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅតែអាចបង្កការគម្រាមកំហែងបានដែរ។

គួរបញ្ជាក់ថា របាយការណ៍មួយ ដែលបោះពុម្ពផ្សាយ កាលពីដើមខែនេះ បាននិយាយថា បើទោះជាមេដឹកនាំ ក្រុមរដ្ឋឥស្លាមជ្រុលនិយម លោក Abu Bakr al-Baghdadi បានស្លាប់ហើយក៏ដោយ ក៏ពួកសកម្មប្រយុទ្ធ នៅបន្តធ្វើការវាយប្រហារ កម្រិតទាបៗដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top