ប៉េកាំង៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោក វ៉ាងយី បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ីតាលី លោក Luigi Di Maio ថាប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសអ៊ីតាលី និងត្រៀមខ្លួនបញ្ជូនក្រុមជំនាញ ដើម្បីជួយភាគីអ៊ីតាលី ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក វ៉ាងយីថា «យើងនឹងមិនភ្លេចការគាំទ្រ ដែលប្រទេសអ៊ីតាលី បានផ្តល់ដល់ប្រទេសចិន ក្នុងពេលដ៏លំបាកសម្រាប់ពួកយើង ក្នុងអំឡុងពេលមានការរីករាលដាល នៃជំងឺនេះទេ។ ឥឡូវនេះយើងក៏បានត្រៀមខ្លួន ឈរយ៉ាងរឹងមាំ នៅក្បែរប្រជាជនអ៊ីតាលីដែរ»។
លោកថានឹងជំនះការលំបាក ហើយនឹងផ្តល់ឱ្យប្រទេសអ៊ីតាលី នូវជំនួយមនុស្សធម៌ ជាទម្រង់វេជ្ជសាស្រ្ត និងការផ្គត់ផ្គង់វេជ្ជសាស្ត្រចាំបាច់ដទៃទៀត។ យើងនឹងជំរុញការនាំចេញទំនិញ និងឧបករណ៍ពេទ្យចាំបាច់ ទៅកាន់ប្រទេសអ៊ីតាលី” ។
លោកវ៉ាងបាននិយាយថា ប្រសិនបើភាគីអ៊ីតាលី ត្រូវការនោះប្រទេសចិន បានត្រៀមបញ្ជូន អ្នកជំនាញវេជ្ជសាស្ត្រមួយក្រុម ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសនេះ។
សូមជម្រាបថា នៅអ៊ីតាលី មានមនុស្សជាង ៩.១០០ នាក់បានឆ្លងជំងឺកូវីដ១៩។ មនុស្ស ៧២៤ នាក់បានជាសះស្បើយ និង ៤៦៣ នាក់បានស្លាប់៕ ប្រែសម្រួលៈ ណៃ តុលា