បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែមីនានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើម ដកកងកម្លាំងយោធារបស់ខ្លួនហើយ ពីប្រទេសអាហ្គានីស្ថាន ជាផ្នែកមួយនៃកិច្ចសន្យា ជាមួយនឹងក្រុមតាលីបង់ ធ្វើយ៉ាងនាំយកសន្តិភាព ជូនប្រទេសនៅមជ្ឈឹមបូព៌ានេះឡើងវិញ។
តាមរយៈការដែលបានសន្យាកន្លងមក អាមេរិកបានយល់ព្រម ក្នុងការដកកងកម្លាំងរបស់ខ្លួនពី១២០០០នាក់ ដែលមានបច្ចុប្បន្នមកត្រឹមតែ៨៦០០នាក់ ក្នុងរយៈពេលកំណត់១៣៥ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខា។ គួរបញ្ជាក់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងដោយភាគីអាមេរិក និងតាលីបង់ តាំងតែពីថ្ងៃទី២៩ ខែកុម្ភៈមកម្ល៉េះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា កិច្ចព្រមព្រៀងលើកនេះ មិនមានការចូលរួមពីសំណាក់រដ្ឋាភិបាល នៃប្រទេសអាហ្គានីស្ថាននោះឡើយ ប៉ុន្តែជឿជាក់ថា នឹងមានកិច្ចចរចាគ្នាមួយ ជាមួយនឹងក្រុមតាលីបង់ តាមក្រោយវិញ។
តាមការបញ្ជាក់ របស់លោកប្រធានាធិបតីអាណិត្តថ្មី របស់អាហ្គានីស្ថានគឺ លោកAshraf Ghani បានបញ្ជាក់តាំងតែពីដំបូង ហើយថាការស្នើសុំដោះលែងក្រុមតាលីបង់ ជាថ្នូរដើម្បីពិភាក្សាគ្នានោះ គឺនឹងមិនអាចធ្វើទៅបានឡើយ៕
ប្រែសម្រួល៖ស៊ុនលី