ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាហ្វាហ្គានីស្ថាន នឹងដោះលែងអ្នកទោសតាលីបង់ ស្របពេលយូអិនគាំទ្រ ការជម្រុញឲ្យបញ្ចប់សង្គ្រាម

បរទេស៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កំពុងតែត្រៀមរៀបចំដោះលែង អ្នកទោសពួកតាលីបង់ចំនួន ១.៥០០នាក់ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលអង្គការសហប្រជាជាតិ គាំទ្រការជម្រុញដឹកនាំ ដោយសហរដ្ឋអាមេរិក ឲ្យបញ្ចប់សង្គ្រាមអូសបន្លាយ ១៨ឆ្នាំនៅអាហ្វហ្គានីស្ថាន។

ក្រឹត្យពីរទំព័រចុះហត្ថលេខាដោយលោក Ashraf Ghani ដែលតម្រូវឲ្យអ្នកទោសតាលីបង់ ដោះលែងទាំងអស់ ផ្តល់ការធានាជាលាយល័ក្សអក្សរថា មិនវិលត្រឡប់ទៅទីលាន ប្រយុទ្ធទៀតនោះទេនោះ គឺមានគោលដៅត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាគ្នាត្រង់ៗ ជាមួយក្រុមពួកបះបោរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានព្រមានពួកតាលីបង់ថា កម្រិតអំពើហិង្សាខ្ពស់នាពេលបច្ចុប្បន្ននេះ គឺមិនអំណោយផលដល់ការ ពន្លឿនដំណើរការសន្តិភាព ក្រោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ មានសមាជិក ១៥ប្រទេស បានឯកច្ឆ័ន្ទគ្នា ដាក់ចេញសេចក្តីសម្រេច ដែលព្រាងឡើងដោយសហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top