បរទេស៖ យោងទៅតាមសម្តីរបស់អ្នកវិភាគមួយរូប បាននិយាយថា គ្រាប់មីស៊ីលកូរ៉េខាងជើងបាញ់ ចេញពីប្រព័ន្ធបាញ់ពហុរ៉ុកកែត គឺមានសមត្ថភាពអាច បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែបាន ហើយអាស្រ័យហេតុនោះ គឺវាពិតជាអាចបង្កការ គម្រាមកំហែងយ៉ាងពិតប្រាកដ ចំពោះប្រទេសកូរ៉េខាងត្បូង។
កាសែតកូរ៉េខាងត្បូង Newsis បានរាយការណ៍ថា លោក Cha Doo-hyun ជាអ្នកស្រាវជ្រាវមួយរូបនៅវិទ្យាស្ថាន សិក្សាគោលនយោបាយ អាស៊ីនៅក្នុងទីក្រុងសេអ៊ូល បានមានប្រសាសន៍នៅក្នុងអត្ថបទមួយ ដែលបោះពុម្ពផ្សាយនៅថ្ងៃពុធនេះថា គោលបំណងនៃប្រព័ន្ធបាញ់ពហុរ៉ុកកែត របស់ប្រទេសកូរ៉េខាងជើង គឺមិនមែនជាការវាយប្រហារ អាវុធនុយក្លេអ៊ែនោះទេ។
អ្នកវិភាគកូរ៉េខាងត្បូងរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមរយៈការបាញ់ប្រព័ន្ធ បាញ់ពហុរ៉ុកកែតកាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងជើងបានបង្ហាញ ឲ្យប្រជាជនរបស់ខ្លួន និងពិភពខាងក្រៅឃើញថា ពាក្យសម្តីរបស់មេដឹកនាំខ្លួន មិនមែនជាការប្រកាស បើកចំហធម្មតាៗនោះទេ ក្នុងខណៈគេចវេសពីទណ្ឌកម្មបន្ថែម ឬក៏ការឆ្លើយតបយោធាអាមេរិកនោះ” ៕
ប្រែសម្រួល៖ ប៉ាង កុង