បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោក នឹងមិនស្ទាក់ស្ទើរក្នុងការ ប្រើប្រាស់ចំណាត់ការយោធា ដើម្បីពង្រឹងបទឈប់បាញ់គ្នា នៅក្នុងតំបន់ Idlib ដែលស្ថិតនៅក្នុងប្រទេសស៊ីរី ភាគពាយព្យ ជាមធ្យោបាយដើម្បីជួយបន្ថយ សន្ទុះជនភៀសខ្លួនឆ្លងព្រំដែន។
លោក Recep Tayyip Erdogan បាននិយាយប្រាប់កិច្ចប្រជុំរដ្ឋសភា នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់ប្រទេសតួកគី នៅក្នុងទីក្រុងអង់ការ៉ាថា លោករំពឹងថា ប្រទេសរុស្ស៊ី ដែលកំពុងតែគាំទ្រដល់ យោធានៃប្រទេសស៊ីរី នឹងរក្សាពាក្យសម្តីរបស់ខ្លួន កាត់បន្ថយបញ្ឈប់ការ ប្រយុទ្ធគ្នានៅក្នុងតំបន់។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រទេសតួកគីនិងប្រទេសរុស្ស៊ី បានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាថ្មីមួយ ក្រោយពីមានកិច្ចពិភាក្សាគ្នា រវាងលោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ហើយកិច្ចព្រមព្រៀងនោះ មានរួមបញ្ចូលទាំងការបញ្ចប់ សកម្មភាពយោធាទាំងអស់នៅតំបន់ Idlib ទន្ទឹមនឹងការបង្កើតច្រកសន្តិសុខ៣,៧ម៉ាយ ទៅកាន់ខាងជើងនិងខាងត្បូងនៃផ្លូវហៃវ៉េ M4 Highway ៕
ប្រែសម្រួល៖ ប៉ាង កុង