បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិក និងកាណាដា បានធ្វើការងាររួមគ្នា ស្ទាក់ដំណើរ យន្តហោះចារកម្មរុស្ស៊ីពីរគ្រឿង នៅក្បែរតំបន់ឆ្នេរអាឡាស្កា នាថ្ងៃចន្ទសប្ដាហ៍នេះ នេះបើយោងតាមសម្តី ពីទីបញ្ជាការការពារ ដែនអាកាសសហរដ្ឋអាមេរិក និងកងទ័ពអាកាស របស់ប្រទេសកាដាណា។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីរាយការណ៍មួយថា យន្តហោះចម្បាំងបំបាំងកាយអាមេរិក F-22 និងយន្តហោះចម្បាំង របស់កាណាដា CF-18 បានស្ទាក់ដំណើរ យន្តហោះដែនសមុទ្ររុស្ស៊ី Tu-142 ពីរគ្រឿង នៅក្នុងតំបន់កំណត់ ការពារដែនអាកាសអាឡាស្កា កាលពីថ្ងៃចន្ទ។
យោងតាមគណនីធ្វីតធ័រផ្លូវការ របស់ទីបញ្ជការការពារ ដែនអាកាសអាមេរិកខាងជើង បានឲ្យដឹងថា យន្តហោះចារកម្មដែនសមុទ្ររុស្ស៊ី ទាំងពីរគ្រឿងនោះ មិនបានចូលទៅក្នុង ដែនអាកាសសហរដ្ឋអាមេរិក ឬក៏កាណាដានោះទេ ប៉ុន្តែពិតជាបានចូលមកជិត ចម្ងាយ៥០ម៉ាយ ពីតំបន់ឆ្នេរអាឡាស្កា៕ ប្រែសម្រួល៖ប៉ាង កុង