ព័ត៌មានអន្តរជាតិ

បុគ្គលិកយោធាអាមេរិកពីរនាក់ និងអង់គ្លេសមួយនាក់ ស្លាប់ក្នុងការវាយប្រហារ ដោយរ៉ុកកែតនៅអ៊ីរ៉ាក់

បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា បុគ្គលិកយោធាសហរដ្ឋអាមេរិកពីរនាក់ និងអង់គ្លេសមួយនាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរ៉ុកកែត ខ្នាតតូចចំនួន១៨គ្រាប់ វាយប្រហារជំរុំយោធា Taji នៅខាងជើងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធម្សិលមិញនេះ។

មន្ត្រីដែលព្រមានថា ចំនួនការស្លាប់អាចនឹងកើនឡើង ដោយសារភាពធ្ងន់ធ្ងរនៃរបួសនោះ បាននិយាយប្រាប់ថា វាលឿនហួសដើម្បីធ្វើការថ្កោលទោស ហើយការបង្ហាញណាមួយថា កងជីវពលគាំទ្រដោយអ៊ីរ៉ង់ ត្រូវទទួលខុសត្រូវនោះ អាចនឹងបង្កឲ្យមានការប្រឈមមុខដាក់គ្នាថ្មី រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។

កងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុកកែត Katyusha ១០៧មីលីម៉ែត្រចំនួន១៨គ្រាប់ បានវាយប្រហារមូលដ្ឋានយោធា និងបានលើកឡើងថា រ៉ុកកែតទាំងនោះ ទំនងជាបាញ់ ចេញមកពីរថយន្តធំមួយគ្រឿង៕ ប្រែសម្រួល៖ប៉ាង កុង

To Top