ព័ត៌មានអន្តរជាតិ

ក្រុមជំនាញសុខភាពចិន និងថ្នាំពេទ្យរាប់តោន បានមកដល់អ៊ីតាលី កន្លែងដែលមានអ្នកឆ្លងមេរោគកូវីដ១៩ ដល់ជាង ១ម៉ឺននាក់

រ៉ូម៖ ជើងហោះហើរពិសេសដែល ដឹកក្រុមជំនួយចិនមានសមាជិក ៩នាក់ រួមជាមួយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តរាប់តោន បានមកដល់អាកាសយានដ្ឋាន Fiumicino ក្នុងទីក្រុង រ៉ូម ហើយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិនក្នុងការ ជួយប្រទេសអ៊ីតាលី ទប់ទល់នឹងការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ១៩។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះ Airbus A-350 មកពីភាគខាងកើតប្រទេសចិន បានចុះចតនៅម៉ោង ២២ និង ៣០ នាទីម៉ោងនៅតំបន់ដឹកទំនិញ នៃអាកាសយានដ្ឋាន ដែលត្រូវបានស្វាគមន៍ដោយ ក្រុមអ្នកជំនាញក្នុងស្រុកមកពី កាកបាទក្រហមអ៊ីតាលី និងប្រតិភូមកពីស្ថានទូតចិន ប្រចាំនៅប្រទេសអ៊ីតាលីផងដែរ។

ក្រុមនេះត្រូវបានរៀបចំឡើង ដោយគណៈកម្មការសុខភាពជាតិ និងសមាគមកាកបាទក្រហមនៃប្រទេសចិន។ វាជាក្រុមជំនាញទី ៣ ដែលត្រូវបានអាជ្ញាធរចិនបញ្ជូន ទៅក្រៅប្រទេសបន្ទាប់ពីក្រុមមុន ៗ ត្រូវបានបញ្ជូនទៅអ៊ីរ៉ង់ និងអ៊ីរ៉ាក់។

អង្គភាពជំនាញបានចាកចេញពី ទីក្រុងសៀងហៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយសមាជិកក្រុម និងបុគ្គលិកយន្តហោះទាំងអស់ បានឆ្លងកាត់ការត្រួតពិនិត្យសុខភាព មុនពេលពួកគេឡើងជិះយន្តហោះ។

ពួកគេបានយកឧបករណ៍និងទំនិញជាង ៧០០បំណែក ដែលរៀបចំដោយមន្ទីរពេទ្យ Ruijin នៃសាលាវេជ្ជសាស្ត្រ នៅឯសាកលវិទ្យាល័យ Shanghai Jiaotong រួមទាំងបំពង់ខ្យល់ឧបករណ៍ ត្រួតពិនិត្យ និងឧបករណ៍វាស់កម្តៅ។

លោក Chen Haitao អនុប្រធានមន្ទីរពេទ្យ បានមានប្រសាសន៍ថា “វាគឺសម្រាប់ការបង្កើតអង្គភាពថែទាំ ដែលពឹងផ្អែកខ្លាំងសម្រាប់ អ្នកជំងឺដែលឆ្លងជំងឺកូវីដ-១៩” ។ “យោងទៅតាមតម្រូវការ របស់ភាគីអ៊ីតាលី យើងបានជ្រើសរើសឧបករណ៍ ដែលបង្ហាញថា មានប្រយោជន៍ក្នុងការអនុវត្តគ្លីនិក” ។

សូមជម្រាបថា ក្រុមអ្នកជំនាញនិងឧបករណ៍ចិន បានមកដល់ពីរថ្ងៃបន្ទាប់ពីចំនួន ករណីដែលបានបញ្ជាក់នៅក្នុងប្រទេស អ៊ីតាលីបានកើនឡើងដល់ ១០.០០០នាក់។

ការរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារ ការរីករាលដាលនៃជំងឺរាតត្បាត ១៩ នៅអឺរ៉ុបប្រទេសអ៊ីតាលី បានរឹតបន្ដឹងវិធានការរបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ហើយប្រទេសទាំងមូលបានស្ថិតនៅ ដាច់ដោយឡែកពីគេអស់រយៈពេល ៣ថ្ងៃ។

ប្រភពពីកាកបាទក្រហម អ៊ីតាលីបាននិយាយថា “មានគ្រូពេទ្យអ៊ីតាលីនិងអ្នកជំនាញ ខាងពេទ្យជាច្រើនចង់មកហើយបង្ហាញ ការដឹងគុណដល់សហសេវិកចិនរបស់ពួកគេ ប៉ុន្តែមិនមែនគ្រប់គ្នាអាចត្រូវបាន អនុញ្ញាតឱ្យចេញពីទីក្រុងនៅពេលនេះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top