អង់គ្លេស៖ វិធានការណ៍ថ្មី របស់លោក Boris Johnson ដើម្បីការពារ សាធារណជនអង់គ្លេស ពីវីរុសឆ្លងកូរ៉ូណា “COVID-19” បានចូលជាធរមានហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួន បានព្រមានថា វិធីសាស្រ្តរបស់លោក មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ទេ នេះបើយោងតាមការចេញផ្សាយពី Sky News។
កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងឈាន ចូលដំណាក់កាលទី ២ នៃការឆ្លើយតបទៅនឹង COVID-19 ដោយផ្លាស់ប្តូរ ពីការព្យាយាមផ្ទុកវីរុស ទៅពន្យាពេលការរីករាលដាល។ អ្នកដែលក្អកជាប់រហូត ឬមានសីតុណ្ហភាពខ្ពស់ ឥឡូវនេះនឹងត្រូវញែកខ្លួនចេញ ហើយស្នាក់នៅផ្ទះរយៈពេល៧ថ្ងៃ ហើយលោក Johnson បានជំរុញឲ្យសាលារៀននានា បោះបង់ចោលការធ្វើដំណើរ ដែលគ្រោងទៅបរទេស។
ទោះជាយ៉ាងណាក៏ដោយ ចក្រភពអង់គ្លេស បានបញ្ឈប់ការសម្រេចចិត្តបិទសាលារៀន ដោយលោក Johnson បានព្រមានថា ដំបូន្មានវិទ្យាសាស្រ្តបង្ហាញថា “នេះអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ”។ ទោះបីជារដ្ឋមន្រ្តីកំពុងពិចារណា ការហាមឃាត់លើ ព្រឹត្តិការណ៍សាធារណៈសំខាន់ៗ ដូចជាពិធីបុណ្យ និងការប្រកួតបាល់ទាត់ក៏ដោយ បច្ចុប្បន្ននេះពួកគេ ត្រូវបានអនុញ្ញាត ឲ្យបន្តដូចការគ្រោងទុក៕ ដោយ៖លី ភីលីព