វ៉ាស៊ីនតោន៖ លោក Robert Redfield នាយកមជ្ឈមណ្ឌល ត្រួតពិនិត្យនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បាននិយាយថា អ្នកស្លាប់មួយចំនួននៃជំងឺ កូវីដ-១៩ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានទាក់ទងនឹងជំងឺផ្តាសាយ នៅក្នុងសហរដ្ឋអាមេរិក ។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Redfield បានឆ្លើយតបបែបនេះ ទៅនឹងសំណួររបស់សមាជិកសភាអាមេរិក Harley Rouda នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងសវនាការនៅឯកាពីតូលកាលពីថ្ងៃពុធ។
នៅពេលនោះ លោក Harley Rouda បានសួរថា «យើងអាចមានប្រជាជននៅសហរដ្ឋអាមេរិក ស្លាប់ដោយសារអ្វីដែលហាក់ដូចជាជំងឺផ្តាសាយ នៅពេលដែលការពិត វាអាចជាវីរុសកូរ៉ូណា ឬកូវីដ១៩»?។
លោក Redfield បានឆ្លើយតបថា «ករណីខ្លះត្រូវបានគេធ្វើរោគ វិនិច្ឆ័យឃើញបែបនោះ នៅក្នុងសហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្ននេះ។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃពុធ មានករណីដែលត្រូវបានបញ្ជាក់ថាឆ្លងមេរោគកូវីដ១៩ មានចំនួនជាង ១.៣០០ នាក់និងមានអ្នកស្លាប់ចំនួន ៣៨ នាក់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យ ជាក់ស្តែងដែលបានរក្សាទុក ដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធនៅឯសាកលវិទ្យាល័យ Johns Hopkins ៕
ប្រែសម្រួលៈ ណៃ តុលា