ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា សារព័ត៌មានប្រចាំថ្ងៃ របស់វៀតណាម បានដកស្រង់សម្តីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ជាក់ នៅថ្ងៃសុក្រនេះថា ប្រទេសវៀតណាម នឹងបង្កើនការនាំចូលសាច់ជ្រូក ដើម្បីកាត់បន្ថយតម្លៃទីផ្សារ នៅក្នុងស្រុក ខណៈឧស្សាហកម្មសាច់ជ្រូក របស់ប្រទេសនេះ បានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក (AFS) និងការផ្ទុះឡើងនៃជំងឺ COVID-19 ។
វៀតណាម បាននាំចូលសាច់ក្នុងរយៈពេល២ខែដំបូងចំនួន៦៥.៨៦៥តោន នៅក្នុងឆ្នាំនេះ ពីប្រទេសអូស្ត្រាលី ប្រេស៊ីល អាល្លឹម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក សម្រាប់ការនាំចូលសាច់ជ្រូក បានកើនឡើងដល់១៣.៨១៦តោន ដែលតួលេខនេះបានកើនឡើង១៥០ភាគរយ ធៀបនឹងនៅក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្រសួងបានឲ្យដឹងដូច្នេះ ។ ក្រសួងដដែលបានបន្ថែមថា វៀតណាម បានធ្វើការជាមួយ កម្ពុជា ឡាវ រុស្ស៊ី និងសហរដ្ឋអាមេរិក លើការនាំចូលសាច់ជ្រូកសម្រាប់ពេលខាងមុខ ។
កាសែតខាងលើបានដកស្រង់សម្តីរបស់លោក Phung Duc Tien រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ដើម្បីរក្សាតម្លៃសាច់ជ្រូកឲ្យមានស្ថិរភាព សហគ្រាសខ្នាតធំ បានស្នើឲ្យជួយកាត់បន្ថយនូវតម្លៃជ្រូកឲ្យនៅត្រឹម៧០.០០០ដុង ស្មើនឹង៣ដុល្លារសហរដ្ឋអាមេរិកក្នុង១គីឡូក្រាម ហើយវិស័យកសិកម្ម ចាំបាច់បំផុតដើម្បីបង្កើនល្បឿនក្នុងការផលិតឡើងវិញ ខណៈជំងឺប៉េស្តអាហ្វ្រិក បានធ្វើឲ្យទិន្នផលជាតិ ធ្លាក់ចុះយ៉ាងគំហុក ។
ក្រសួងបានឲ្យដឹងថា សាច់ជ្រូក គឺភាគច្រើនត្រូវបានគេទទួលទានសាច់ នៅក្នុងប្រទេសវៀតណាម រាប់ទៅមានរហូតដល់៧០ភាគរយនៃការទទួលទានសាច់សរុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា