ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ៖ បុណ្យទន្លេ ក្លាយជាព្រឹត្តិការណ៍ ទាក់ទាញទេសចរណ៍ថ្មីមួយទៀត សម្រាប់កម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ ទាក់ទាញទេសចរណ៍ថ្មីមួយទៀត សម្រាប់កម្ពុជា ជាពិសេស ចូលរួមគាំទ្រនយោបាយ របស់រាជរដ្ឋាភិបាល ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នាពេលនេះ ប្រារព្ធឡើងនៅទឹកដីខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ មីនា ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។ សម្ដេចថា ពិធីបុណ្យទន្លេនេះ មានការរៀបចំតាំងពិព័រណ៍ ផលិតផលជាច្រើន រួមទាំង ផលិតផលជាតិ និងអន្តរជាតិ សកម្មភាពកីឡា វប្បធម៌សិល្បៈ និងពិធីប្រគុំតន្រ្តីកម្សាន្ត ជាច្រើនទៀត។

សម្ដេច មានប្រសាសន៍ថា «ពិធីបុណ្យទន្លេ គឺបានក្លាយជាព្រឹត្តិការណ៍ ទាក់ទាញទេសចរណ៍ថ្មីមួយទៀត សម្រាប់កម្ពុជា ដែលមិនត្រឹមតែរួមចំណែក ក្នុងការផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេ របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួម គាំទ្រនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ អភិវឌ្ឍតំបន់តាមដងទន្លេ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេស ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិ»។

សម្ដេចបន្ដថា ម្យ៉ាងវិញទៀតវាក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេស ទេសចរណ៍តាមដងទន្លេ ព្រមទាំង រួមចំណែកជំរុញការតភ្ជាប់ រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេស ក្នុងតំបន់អាស៊ាន។

សូមរំលឹកថា នារសៀល ថ្ងៃទី១៤ មីនា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ។ ដូច្នេះ ប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយ ឲ្យបានច្រើនកុះករ ទាំងអស់គ្នា៕

ដោយ ៖ អេង ប៊ូឆេង

To Top