បរទេស ៖ កាលពីមុនអ្នកនាំពាក្យ ក្រសួងការបរទេសចិន បានលើកឡើងថា កងទ័ពអាមេរិកអាចទទួលខុសត្រូវ ចំពោះការផ្ទុះឡើង នៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ នៅក្នុងទីក្រុង វូហាន ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងរឹងមាំ ដើម្បីគាំទ្រការចោទប្រកាន់នេះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាល ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្រ្តីក្រសួងការបរទេស អាមេរិក សុំមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិក បានកោះហៅឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក ជុំវិញការធ្វើអត្ថាធិប្បាយថ្មីៗនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានលើកឡើងថា យោធាអាមេរិកទទួលខុសត្រូវ ចំពោះការផ្ទុះឡើងនៃវីរុសនេះ។
នៅក្នុងបណ្តាញសង្គមធ្វីតទ័រលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា កងទ័ពអាមេរិក អាចជាអ្នកនាំវីរុសកូរ៉ូណានេះ ទៅទីក្រុងវូហាន ក្នុងខេត្តហ៊ូប៉ី របស់ប្រទេសចិន ដែលជាចំណុចកណ្តាលនៃជំងឺរាតត្បាត ។
អ្នកនាំពាក្យរូបនេះ បានយោងតាមវីដេអូមួយ ជាមួយប្រធាន មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាមេរិក គឺលោក Robert Redfield ដែលក្នុងនោះលោកបានសារភាពថា អ្នកជំងឺអាមេរិកមួយចំនួនដែលបានស្លាប់ដោយសារជំងឺផ្តាសាយ ក្រោយមកបានបង្ហាញលទ្ធផលវិជ្ជមានចំពោះវីរុសនេះ។
នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថាតើការអត្ថាធិប្បាយរបស់លោក Zhao Lijian តំណាងឱ្យជំហរផ្លូវការរបស់ទីក្រុងប៉េកាំងចំពោះបញ្ហានេះដែរឬទេ , អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ទៀតលោក Geng Shuang មិនបានផ្តល់ចម្លើយច្បាស់លាស់ទេ។ ផ្ទុយទៅវិញលោកបានលើកឡើងថា មតិខុសគ្នាមាននៅក្នុងសហគមន៍អន្តរជាតិទាក់ទងទៅនឹងប្រភពនៃជំងឺកូវីដ១៩៕
ប្រែសម្រួលៈ ណៃ តុលា