បរទេស៖ នៅចំពោះមុខការរិះគន់យ៉ាងខ្លាំង ចំពោះការឆ្លើយតប របស់រដ្ឋាភិបាល ចំពោះវិបត្តិ Covid-19 លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាល ពីម្សិលមិញថា ប្រជាជនមានសិទ្ធិសួរសំណួរ និងទាមទារឱ្យមានសកម្មភាព ប៉ុន្តែមិនត្រូវឱ្យហួសព្រំដែន កំណត់នោះទេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសារជាសាធារណៈ លោកឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា រដ្ឋាភិបាលបានបើកចំហ ចំពោះការរិះគន់អំពីការដោះស្រាយ ភាពអាសន្ននៃសុខភាពរបស់ខ្លួន ប៉ុន្តែបានជំរុញឱ្យក្រុមអ្នករិះគន់ មានភាពយុត្តិធម៌ និងធ្វើការអត្ថាធិប្បាយ ដែលជាផលប្រយោជន៍ល្អបំផុត សម្រាប់សាធារណជន។
ឧត្តមសេនីយ៍ប្រាយុទ្ធ បានថ្លែងសាររបស់លោកចំពេល មានការរិះគន់កាន់តែខ្លាំង ជុំវិញការដោះស្រាយរបស់រដ្ឋាភិបាល របស់លោកចំពោះការផ្ទុះឡើង នៃមេរោគឆ្លងវីរុសកូរ៉ូណា ចាប់តាំងពីមានកង្វះម៉ាសមុខ ដែលបានជះឥទ្ធិពលដល់មន្ទីរពេទ្យរដ្ឋ ដែលយឺតយ៉ាវក្នុងការរឹតត្បិតចលនា របស់អ្នកដែលមានប្រវត្តិធ្វើដំណើរទៅប្រទេស ដែលរងទុក្ខដោយជំងឺកូវីដ១៩។
សូមជម្រាបថា ចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ បានកើនឡើងដល់ ៧៥ នាក់ កាលពីម្សិលមិញ ក្នុងនោះបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ , ៣៥នាក់ បានជាសះស្បើយ និង ៣៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ៕
ប្រែសម្រួលៈ ណៃ តុលា