វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បានធ្វើតេស្តិ៍ បង្ហាញលទ្ធផល អវិជ្ជមាន ចំពោះវីរុសកូរ៉ូណា ឬកូវីដ១៩។ នេះបើយោងតាម កំណត់ហេតុ ដែលចេញដោយគ្រូពេទ្យសេតវិមាន គឺលោក Sean Conley នៅយប់ថ្ងៃសៅរ៍។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Conley បានសរសេរនៅ ក្នុងកំណត់ហេតុនោះថា «កាលពីយប់មិញ បន្ទាប់ពីការពិភាក្សាស៊ីជម្រៅ ជាមួយប្រធានាធិបតី ទាក់ទងនឹងការធ្វើតេស្តិ៍ រកមេរោគកូវីដ១៩។ លោក ត្រាំ បានជ្រើសរើសដើម្បីដំណើរការការធ្វើតេស្តនេះ ។ ល្ងាចនេះ ខ្ញុំទទួលបានការបញ្ជាក់ថា តេស្តនេះគឺអវិជ្ជមាន»។
សូមជម្រាបថា កាលពីនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃសុក្រនៅ Rose Garden អ្នកយកព័ត៌មាន បានសួរលោក ដូណាល់ ត្រាំ ថាហេតុអ្វីបានជាលោក នៅតែមិនត្រូវបានធ្វើតេស្តបន្ទាប់ពីបាន ទាក់ទងជាមួយ សមាជិកគណៈប្រតិភូប្រេស៊ីល កាលពីចុងសប្តាហ៍មុន ដែលបានឆ្លងមេរោគនេះ។
នៅឯសន្និសីទសារព័ត៌មាន របស់សេតវិមាន នៅព្រឹកថ្ងៃដដែលនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកត្រូវបានគេធ្វើតេស្ត រកមេរោគនេះហើយ៕
ប្រែសម្រួលៈ ណៃ តុលា