បរទេស៖ នៅថ្ងៃសៅរ៍ទី១៤ ខែមិនានេះ មហាសេដ្ឋីជនជាតិចិនលោក Jack Ma បានប្រកាសផ្តល់ជូន សហរដ្ឋអាមេរិក នូវឧបករណ៍ធ្វើតេស្តិ៍មេរោគឆ្លង ចំនួន ៥០០ ០០០ឈុត និងម៉ាស ការពាររាប់លានទៀត ដោយមើលឃើញថា ប្រទេសនេះ អាចប្រឈមនឹងកង្វះខាត ឧបករណ៍ សម្រាប់ធ្វើរោគវិនិច្ឆ័យ ជំងឺដែលអាចបណ្តាលអោយ ចំនួនអ្នកស្លាប់ អាចកើនឡើងបាន។
នៅក្នុងTwitterមួយ ដែលត្រូវបានធ្វើឡើង ដោយលោកJack Ma ផ្ទាល់លោកបាននិយាយថា ជាមួយនឹងបទពិសោធន៍ នៅក្នុងប្រទេសចិន ការធ្វើតេស្ត ដែលមានល្បឿនលឿន និងច្បាស់លាស់ គឺអាចនាំឲ្យក្រុមអ្នកជំនាញ អាចទាំងការពារខ្លួន បានផងនិងការពារ មិនឲ្យមានការរីករាលដាល កាន់តែខ្លាំងផង។
លោកបន្តថា ការបរិច្ចាគរបស់លោកនេះ នឹងអាចជួយដល់ពលរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងហេតុការណ៍ដ៏អាក្រក់មួយនេះ។
លោកJack Ma ក៏បាននិយាយដែរថា កាលពីសប្តាហ៍កន្លងទៅAlibaba ដែលជាក្រុមហ៊ុន របស់លោកនោះ ក៏ធ្លាប់បានធ្វើការបរិច្ចាគឧបករណ៍ ដូចគ្នាទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងអេស្បាញ៕
ប្រែសម្រួល៖ស៊ុនលី