បរទេស៖ប្រភពសន្តិសុខ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ នៅព្រឹកថ្ងៃសៅរ៍នេះ បានធ្លាក់នៅខាងក្នុង មូលដ្ឋានយោធា តាជី របស់ប្រទេសអ៊ីរ៉ាក់ ដែលជាទីតាំងឈរជើង របស់កងទ័ព នៃកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ជាលើកទីពីរ ក្នុងពេលមួយសប្ដាហ៍។
យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា វរសេនីយឯកអ៊ីរ៉ាក់មួយរូប ដែលនៅក្នុងមូលដ្ឋានយោធានោះ បាននិយាយប្រាប់សារព័ត៌មានថា លោកបានលឺថា មានគ្រាប់រ៉ុកកែតតិចបំផុត ចំនួន១០គ្រាប់ បានវាយប្រហារមូលដ្ឋាន និងបាននិយាយថា ក្នុងពេលបច្ចុប្បន្ន លោកបានលឺសម្លេងសារ៉ែនរោទិ៍។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ការវាយប្រហារ ដោយគ្រាប់រ៉ុកកែតស្រដៀងគ្នា ទៅលើមូលដ្ឋានយោធា តាជី ស្ថិតនៅខាងជើងចម្ងាយ២០គីឡូម៉ែត្រ ពីទីក្រុងបាដាដ សម្លាប់កងទ័ពអាមេរិក២នាក់ និងទាហានអង់គ្លេសម្នាក់ បណ្ដាលឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើការវាយប្រហារ តាមអាកាសសងសឹក នាថ្ងៃព្រហស្បតិ៍ សម្លាប់ជនជាតិអ៊ីរ៉ាក់ចំនួន៦នាក់៕
ប្រែសម្រួល៖ប៉ាង កុង