បរទេស៖ មន្ត្រីការទូត នៅក្នុងប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះ បានធ្វើការកោះអញ្ជើញ ឯកអគ្គរដ្ឋទូត របស់សហរដ្ឋអាមេរិកនិងអង់គ្លេស ដើម្បីឲ្យផ្តល់ចម្លើយ សម្រាប់ការវាយប្រហារដោយមីស៊ីល ដែលយោធាសហរដ្ឋអាមេរិក បានបាញ់ កាលពីថ្ងៃសុក្រម្សិលមិញនេះ សម្លាប់កងទ័ពអ៊ីរ៉ាក់ ជាច្រើននាក់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការវាយប្រហារសងសឹក របស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបមួយ ចំពោះការវាយប្រហារមួយ កាលពីថ្ងៃពុធ ដែលបានសម្លាប់កងទ័ពសហរដ្ឋអាមេរិកពីរនាក់ និងទាហានអង់គ្លេសម្នាក់ នៅជំរុំយោធា Camp Taji ជិតទីក្រុងបាដាដ។
មន្ទីរបញ្ចកោណ បាននិយាយថា ការវាយប្រហារនៅថ្ងៃសុក្រម្សិលមិញនេះ បានផ្តោតគោលដៅ អគារឃ្លាំងចំនួន៥ ដែលក្រុមជីវពលអ៊ីរ៉ាក់ Kata’ib Hezbollah ប្រើប្រាស់ ហើយមន្ត្រីអាមេរិកនិយាយថា ឃ្លាំទាំងនោះ មានដាក់អាវុធសម្រាប់ប្រើប្រាស់ប្រឆាំង នឹងកងកម្លាំងសម្ពន្ធមិត្ត៕
ប្រែសម្រួល៖ប៉ាង កុង