ព័ត៌មានអន្តរជាតិ

កងទ័ព នៃកងកម្លាំងចម្រុះដឹកនាំ ដោយអាមេរិក ៣នាក់ រងរបួសក្នុងការវាយប្រហារ លើមូលដ្ឋានតាជី ប្រទេសអ៊ីរ៉ាក់

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យរបស់កងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយប្រាប់ឲ្យដឹងថា កងទ័ពរបស់កងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិក ចំនួន៣នាក់ បានរងរបួស នៅក្នុងហេតុការណ៍វាយប្រហារ ដោយរ៉ុកកែតមួយ ទៅលើមូលដ្ឋាន យោធាតាជី ក្នុងប្រទេសអ៊ីរ៉ាក់។

មន្ត្រីនាំពាក្យកងកម្លាំងចម្រុះ លោក Myles B. Caggins III បាននិយាយ លើបណ្ដាញសង្គមធ្វីតធ័រ យ៉ាងដូច្នេះថា “កងកម្លាំងចម្រុះ បានបញ្ជាក់ថា យ៉ាងហោចណាស់ មានគ្រាប់រ៉ុកកែត១០៧មីលីម៉ែត្រ ចំនួន២៥គ្រាប់ វាយប្រហារលើមូលដ្ឋាន តាជី ប្រទេសអ៊ីរ៉ាក់ ដែលជាទីនៅប្រចាំ របស់កងទ័ពនៃកងកម្លាំងចម្រុះ នៅវេលាម៉ោង១០ និង៥១នាទីព្រឹក នាថ្ងៃទី១៤ខែមីនានេះ ហើយបង្កឲ្យកងទ័ពកម្លាំងចម្រុះ ៣នាក់និងកងទ័ពអ៊ីរ៉ាក់ ២នាក់រងរបួស ចំណែកការវាយតម្លៃនិងការស៊ើបអង្កេត កំពុងតែដំណើរ ការប្រព្រឹត្តទៅ”។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ការវាយប្រហារ ដោយគ្រាប់រ៉ុកកែតស្រដៀងគ្នា ទៅលើមូលដ្ឋានយោធា តាជី ស្ថិតនៅខាងជើងចម្ងាយ២០គីឡូម៉ែត្រ ពីទីក្រុងបាដាដ សម្លាប់កងទ័ពអាមេរិក២នាក់ និងទាហានអង់គ្លេសម្នាក់ បណ្ដាលឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើការវាយប្រហារ តាមអាកាសសងសឹក នាថ្ងៃព្រហស្បតិ៍ សម្លាប់ជនជាតិអ៊ីរ៉ាក់ ចំនួន៦នាក់៕
ប្រែសម្រួល៖ប៉ាង កុង

To Top