ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលចិន ត្រៀមថវិកា ១១៧ ពាន់លានយន់ សម្រាប់ ការគ្រប់គ្រង ជំងឺរាតត្បាត

ប៉េកាំង៖ មន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ចិនបាន និយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលចិន នៅគ្រប់កម្រិតទាំងអស់ បានត្រៀមថវិកាសរុបចំនួន ១១៦,៩ ពាន់លានយន់ ស្មើនឹង ១៦,៧ ពាន់លានដុល្លារអាមេរិក សម្រាប់ការពារ និងទប់ស្កាត់ការរាតត្បាត គិតត្រឹមថ្ងៃសុក្រ។

យោងតាមទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយកាល ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Fu Jinling មន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយ នៅក្នុងសន្និសីទកាសែតថា នៅពេលបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ១៩ រដ្ឋាភិបាលចិនបានដាក់ ចេញនូវវិធានការ ជាច្រើនដើម្បីទប់ស្កាត់ ផលប៉ះពាល់នៃការរីករាលដាលមកលើ សេដ្ឋកិច្ច។

គិតត្រឹមចុងថ្ងៃសុក្រ វីរុសកូរ៉ូណា ឬកូវីដ១៩ បានឆ្លងដល់មនុស្ស ៨០.៨២៤ នាក់ ហើយបានសម្លាប់មនុស្ស ៣.១៨៩ នាក់នៅលើដីគោកចិន។ ប្រាក់ចំណូលសារពើពន្ធនៅត្រីមាសទី ១ របស់រដ្ឋាភិបាលបានរងផលប៉ះពាល់បណ្តោះអាសន្ន ពីការផ្ទុះឡើងដោយសារវាបានកាត់បន្ថយពន្ធ និងថ្លៃសេវាយ៉ាងច្រើនដើម្បីគាំទ្រ ដល់កំណើនសេដ្ឋកិច្ច។

ទោះយ៉ាងណា លោក Fu បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិន មានសក្តានុពលនិងភាពធន់ខ្ពស់ ហើយទំហំនៃចំណូល សារពើពន្ធនៅតែមានទំហំធំ ដែលអាចឱ្យមានកន្លែងជាច្រើនសម្រាប់ការកែខៃចំណូលថវិកា៕ ប្រែសម្រួលៈ ណៃ តុលា

To Top