ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ផ្អាកជើងយន្តហោះ ពីចិននិងអ៊ីរ៉ង់ ជុំវិញបញ្ហាកូរ៉ូណាវីរុស

បរទេស៖ ក្រសួងគមនាគមន៍ របស់ប្រទេសអាល្លឺម៉ង់ មានគម្រោងផ្អាកជើងហោះហើរ មកពីប្រទេសអ៊ីរ៉ង់ និងប្រទេសចិន ក្នុងគោលបំណងកាត់បន្ថយ ការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីកាសែត Bild ដែលបានដកស្រង់សម្តី ពីប្រភពរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ។

ប្រទេសចិននិងប្រទេសអ៊ីរ៉ង់ កំពុងតែជួបប្រទះ នូវការឆ្លងរីករាលដាលដ៏ធំ នៃវីរុសផ្លូវដង្ហើមថ្មី ដែលនាពេលបច្ចុប្បន្ននេះ ក៏កំពុងតែឆ្លងរីករាលដាល យ៉ាងលឿនផងដែរ នៅក្នុងប្រទេសអឺរ៉ុប។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្រៅពីនេះ នៅថ្ងៃចន្ទនេះ ប្រទេសអាល្លឺម៉ង់ បានក្លាយជាប្រទេសអឺរ៉ុបថ្មីបំផុត ដែលបានរឹតបន្តឹងខ្លាំងក្លា លើការឆ្លងកាត់ព្រំដែន ស្របពេលដែលអឺរ៉ុប កំពុងតែបន្តធ្វើការងារគ្រប់គ្រង លើការរីករាលដាលឆ្លង នៃកូរ៉ូណាវីរុស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសអាល្លឺម៉ង់ លោក Horst Seehofer បានធ្វើការប្រកាស អំពីការរឹតបន្តឹងថ្មីនេះ កាលពីល្ងាចថ្ងៃអាទិត្យ ដែលនឹងជះឥទ្ធិពលដល់ច្រកព្រំដែន ជាប់ជាមួយប្រទេសស្វីស ប្រទេសបារាំង អូទ្រីស ដាណឺម៉ាក និងលុចសំបួរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top