ព័ត៌មានអន្តរជាតិ

កាណាដា សម្រេចបិទព្រំដែន ដើម្បីការពារប្រទេស ពីជំងឺរាតត្បាតវីរុសកូរ៉ូណា

ញូវយ៉ក៖ នាយករដ្ឋមន្រ្តី កាណាដាលោក Justin Trudeau បានលើកឡើងថា ប្រទេសរបស់លោក កំពុងបិទព្រំដែនរបស់ខ្លួន ដែលជាវិធានការណ៍ ការពារប្រឆាំង នឹងការរីករាលដាល នៃជំងឺឆ្លងកូរ៉ូណា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។

ពលរដ្ឋកាណាដា និងប្រជាជនដែលមានឋានៈ ជាអចិន្រ្តៃយ៍ក៏ដូចជាពលរដ្ឋអាមេរិកាំង ត្រូវបានលើកលែង ពីការហាមឃាត់ការ ចូលប្រទេសកាណាដា នេះបើយោងតាមវិធានការណ៍ ដែលបានបង្ហាញ ដោយនាយករដ្ឋមន្រ្តី ។

ខណៈពេលដែលប្រទេសកាណាដា បានបញ្ជាក់ថាមានបុគ្គលចំនួន ៣០០ នាក់បានឆ្លងវីរុសនេះ ហើយសហរដ្ឋអាមេរិក ជិតខាងបានរាយការណ៍ថា មានមនុស្សជាង ៣.៩០០ ករណី និងជិត ៧០ នាក់បានស្លាប់នេះបើយោងតាមរបាយការណ៍ថ្មីៗ របស់កាសែត New York Times ។

ការសម្រេចចិត្តនេះ ធ្វើឡើងចំពេល ដែលបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន កំពុងបិទព្រំដែនរបស់ពួកគេ ដើម្បីកាត់បន្ថយការឆ្លងវីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការមួយទៀតថា COVID-19 ដែលមានប្រភពមកពីភាគ កណ្តាលប្រទេសចិនកាលពីចុងខែធ្នូ ដែលកំពុងតែរីករាលដាលយ៉ាងខ្លាំង នៅក្នុងតំបន់៕

ដោយ ឈូក បូរ៉ា

To Top